សម្ដេចតេជោ នឹងបន្ដចុះជួបកម្មករ និយោជិត ១០លើកទៀត ក្រោយពេលបោះឆ្នោតចប់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា សម្ដេចនឹងបន្ដចុះជួបកម្មករ-និយោជិត ចំនួន១០លើកបន្ថែមទៀត ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បន្ទាប់ពីការបោះឆ្នោតរួចហើយ យើងបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ចឹងថ្ងៃទី២៧ ខែកក្កដា ពូនឹងដើរជួប១០ទីកន្លែងគោលដៅទៀត»។
សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា ការចុះជួបនេះ គឺជាផ្នែកនៃការត្រួតពិនិត្យមើលនូវវឌ្ឍនភាព និងអនុវត្ដនូវអនុសាសន៍ទាំងឡាយ ដែលរាជរដ្ឋាភិបាល ធ្លាប់បានដាក់ឲ្យអនុវត្ដ ជាមួយនឹងការរកឃើញចំណុចថ្មីៗ ទាំងឡាយបន្ថែមទៀត ដើម្បីអាចដោះស្រាយបានបញ្ហា ដែលជាបញ្ហាប្រឈមធំ របស់ប្រជាពលរដ្ឋ ៕
