សម្តេចតេជោ ណែនាំឲ្យចៅក្រម សម្របសម្រួលជម្លោះប្តីប្រពន្ធ ដោយប្រើរូបមន្តឈ្នះឈ្នះ ជាវិធីដ៏ល្អ កុំលើកទឹកចិត្តឲ្យលែងគ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ចៅក្រមទាំងអស់ ព្យាយាមសម្របសម្រួលឱ្យអស់ពីលទ្ធភាព លើជម្លោះប្តី ប្រពន្ធ ដោយប្រើរូបមន្តឈ្នះឈ្នះ ដែលជាវិធីដ៏ល្អ និងកុំលើកទឹកចិត្តឱ្យលែងលះគ្នាឱ្យសោះ ។
ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រឿងលែងលះប្តី ប្រពន្ធកុំលើកទឹកចិត្តឱ្យលែងលះគ្នាពេក ហៅមកសម្របសម្រួលសិនទៅ តិចៗវាត្រូវគ្នាវិញហើយ ជួនកាលវាអញ្ចឹង ឡើងទៅដល់តុលាការហើយហ្នឹង តុលាការរៀបចំចេញសាលាក្រមលុបអេតាស៊ីវិល ប៉ុន្តែដល់ពេលអ្នកដែលពូកែសម្របសម្រួលត្រូវគ្នាវិញបាត់»។
សម្តេចតេជោ ក៏ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ៕
