ឯកឧត្ដមរដ្ឋលេខាធិការ នេត្រ ភក្ត្រា៖ តំបន់ប្រើប្រាស់សំឡូត ជាព្រៃសម្បូរ ទៅដោយជីវចម្រុះ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា តំបន់ប្រើប្រាស់សំឡូត ជាព្រៃសម្បូរទៅដោយជីវចម្រុះ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ។
ក្នុងពិធីបើក និងបិទយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី២ ដែលបានរៀបចំឡើងនាខេត្តបាត់ដំបង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្រ្តា មានប្រសាសន៍ថា ក្រៅពីនេះយើងក៏ទប់ស្កាត់ មិនឱមានការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វដំរី និងជីវៈចម្រុះផ្សេងៗទៀតដែរ។
ឯកឧត្ដមរដ្ឋលេខាធិការ បញ្ជាក់ថា «បងប្អូនប្រាកដជាបានដឹងហើយថា តំបន់ប្រើប្រាស់សំឡូតដែលក្រសួងបរិស្ថាន បានគ្រប់គ្រងមានមន្រ្តីឧទ្យានុរក្សចូលរួម និងក្រៅពីនេះយើងក៏មានការចូលរួមពីសំណាក់ លោកស្រី អេន ជីណាចូលី ដែលជាតារាហូលីវូដ ដ៏ល្បីឈ្មោះរបស់ពិភពលោកផងដែរ។ នេះក៏ជាកិត្តិយសដែលជនល្បីឈ្មោះម្នាក់ដែលមកចូលរួមអភិរក្សព្រៃធនធានធម្មជាតិរបស់យើង។
គាត់ស្រឡាញ់ព្រៃសំឡូតណាស់ គាត់បានដាក់ថវិការរបស់គាត់ចូលរួម គឺដើម្បីអ្វី គឺដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅសំឡូត នៅប៉ៃលិន និយាយដោយឡែក និងនិយាយជារួមរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិន និងបាត់ដំបង ហើយនិងប្រទេសកម្ពុជាទាំងមូល។ ខេត្តបាត់ដំបងនិងប៉ៃលិន ជាទិសដៅទេសចរណ៍ដ៏សំខាន់ ក្រៅពីមានប្រាសាទ មានអគារពីសម័យរាណក៏ដូចជាទីកន្លែងប្រវត្តិសាស្រ្ត»។

ឯកឧត្ដមរដ្ឋលេខាធិការ បន្ថែមថា «ការការពារ និងអភិរក្សរបស់យើងកន្លងមកល្អប្រសើរ។យើងមិនចង់ឱ្យមានព្រៃហើយអត់មានសត្វនោះទេ ហើយមានសត្វហើយមិនត្រឹមមានតួនាទីជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីទេ វាក៏ជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរទៀតផង»។
ដោយឡែកបើតាម ផេង សិទ្ធី អភិលរងខេត្តបាត់ដំបង បានថ្លែងថា អាជ្ញាធរប្តេជ្ញាចូលរួមលុបលំបាត់នូវការដាក់អន្ទាក់ ដែលជាការបំផ្លាញសត្វព្រៃដ៏មានតម្លៃសម្រាប់ទឹកដីខេត្តបាត់ដំបង។ ជាមួយគ្នាក្នុងព្រៃខេត្តបាត់ដំបងត្រូវតែអស់អន្ទាក់ ព្រមជាមួយគ្នានៅតាមភោជនីយដ្ឋានមិនត្រូវមានការលក់មុខម្ហូបធ្វើពីសត្វព្រៃផងដែរ ។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ បានធ្វើឡើងចំនួន៦ខេត្តដោយក្នុងនេះចាប់ផ្តើមដំបូងពីខេត្ត ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាប និងចុងក្រោយរួមបញ្ចូលគ្នារវាងខេត្ត ប៉ៃលិននិងបាត់ដំបង។ ចំណែកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ បានធ្វើឡើងរយៈពេល៦ខែ ពោលគឺចាប់ពីខែមិនា ឆ្នាំ ២០២២ដល់ខែ កញ្ញា ឆ្នាំ ២០២២ក្នុងខេត្តចំនួន ៦ដូចជា ក្រចេះ ស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងកំពុងធំ៕

