សម្តេចតេជោ បន្តអំពាវនាវឲ្យកម្មករ កម្មការិនី ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវឲ្យកម្មករ កម្មការិនី ទៅបោះឆ្នោត ឱ្យបានគ្រប់គ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបានសន្តិភាព និងការអភិវឌ្ឍ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៣ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីរក្សាសន្តិភាព ហើយការរក្សាសន្តិភាពបាន គឺរក្សាការអភិវឌ្ឍបានហើយ ចឹងនៅពេលខាងមុខនេះសុំក្មួយៗទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»។
សម្តេចតេជោ បានឱ្យដឹងថា នៅថ្ងៃបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានការផ្តល់ពេលវេលាឱ្យកម្មករ កម្មការិនី បានឈប់សម្រាកចំនួន ៣ថ្ងៃ និងមានប្រាក់ខែនៅដដែល ដែលថ្ងៃឈប់សម្រាកនោះគឺនៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ ដើម្បីជួយ សម្រួលដល់ការធ្វើដំណើររបស់កម្មករ កម្មការិនី បានទៅបោះឆ្នោត ៕
