សម្តេចតេជោ៖ ការជួបកម្មករ កម្មការិនី មិនមែនជាការជួបដើម្បីតែជួបនោះទេ តែជាការជួបដើម្បីដោះស្រាយពីបញ្ហាតូច រហូតដល់ធំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការជួបជាមួយកម្មករ កម្មការិនី មិនមែនជាការជួបដើម្បីតែជួបនោះទេ តែជាការជួបដើម្បីបានដោះស្រាយពីបញ្ហាតូច រហូតដល់ធំ ។
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្វីដែលយើងទទួលបានក្នុងជុំទី១ នៃការដើរជួបកម្មករ កម្មការិនី អ៊ឹចឹងជុំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយកម្មករ មិនមែនជាជំនួបគ្រាន់តែ គឺហៅថា មកជួបដើម្បីជួបទេ រកវិធីដោះស្រាយតាំងពីបញ្ហាតូច រហូតដល់បញ្ហាធំ។ ខ្ញុំលើកដដែលករណីឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង តិចនាំគ្នាចាត់ទុកថាជាបញ្ហាតូចតាច»។
សម្តេចតជោ ហ៊ុន សែន គូសបញ្ជាក់ថា អ្នកខ្លះចាត់ទុកថារឿងការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង ជារឿងតូច ប៉ុន្តែសម្រាប់សម្ដេចអត់ចាត់ទុករឿងនេះជារឿងតូចនោះទេ គឺរឿងនេះជារឿងធំ មនុស្សម្នាក់ជីវិតពីរ ៕
