ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក គឺជាភាពចាំបាច់ និងមិនអាចខ្វះបាននៅក្នុងសង្គមរស់នៅ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការគោរពស្រឡាញ់ឱ្យតម្លៃគ្នាទៅវិញទៅមក ដែលការណ៍នេះ គឺជាភាពចាំបាច់ និងមិនអាចខ្វះបានក្នុងនៅក្នុងសង្គមរស់នៅមួយប្រកបដោយភាពសុខដុមរមនាសម្រាប់ទាំងអស់គ្នា។
ឯកឧត្តម មានប្រសាសន៍បែបនេះ ក្នុងពេលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីបុណ្យឆ្លងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមក៏បានអំពាវនាវ សូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងបន្តកសាងសមិទ្ធផលវិជ្ជមានបន្ថែមទៀត ក្រោមបរិយកាសសុខសន្តិភាព និងស្ថិរភាពដែលកំពុងមានសព្វថ្ងៃនេះ ដោយត្រូវដើរចៀសឱ្យផុតពីដានប្រវត្តិសាស្ត្រនៃសង្គ្រាមបែកបាក់រវាងខ្មែរ និងខ្មែរ ហើយរួមគ្នាជាកម្លាំងមហាសាគ្គីក្នុងការកសាងអភិវឌ្ឍជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែខ្ពង់ខ្ពស់ និងល្បីខ្ទរខ្ទារទូទាំងសាកលលោក។
ទន្ទឹមនេះ ឯកឧត្ដមបណ្ឌិតក៏បានអំពាវនាវសូមវេញបញ្ចូលគ្នារវាងទ្រឹស្តីសាសនា និងការប្រតិបត្តិឥរិយាបទជាក់ស្តែង ដើម្បីលើកកម្ពស់សច្ចភាព, សុច្ចរិតភាព, កុសលធម៌ ក៏ដូចជាគោលការណ៍សីលធម៌-គុណធម៌៕

