ឯកឧត្តម ស្លេះ ពុនយ៉ាមុីន៖ យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលបានរស់រានក្នុងសម័យសុខសន្តិភាព បានជួបជុំគ្នា បានប្រតិបត្តិធម៌ជុំគ្នា បានបួសរ៉ម៉ាឌនជុំគ្នាដោយគ្មានការភិតភ័យអ្វីទាំងអស់

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងឯកឧត្តម សា សុីថា អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ ក្នុងភូមិមាឃ៣ និងភូមិទួលពោធិ៍ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាមានសំណាងណាស់ដែលបានរស់រានក្នុងសម័យសុខសន្តិភាព បានជួបជុំគ្នា បានប្រតិបត្តិធម៌ជុំគ្នា បានបួសរ៉ម៉ាឌនជុំគ្នាដោយគ្មានការភិតភ័យអ្វីទាំងអស់។
ឯកឧត្តមបានបន្តថា នេះគឺដោយសារយើងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេស៍បានដឹកនាំប្រទេសជាតិអោយរួចផុតពីភាពលំបាកវេទនា បង្រួបបង្រួមជាតិ និងបាន អភិវឌ្ឍន៍កាន់តែរីកចម្រើនរហូតមក ។ ទាំងនេះហើយជាអ្វីដែលយើងទាំងអស់គ្នាមិនអាចភ្លេចបាននូវគុណដ៏មហិមាររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីរបស់យើង ។
ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានបញ្ជាក់ថា “សម្តេចតេជោសម្រាប់យើងទាំងអស់គ្នា យើងទាំងអស់គ្នាសម្រាប់សម្តេចតេជោ” ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានឧបត្ថម្ភថវិកាជូនប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៥មុឺនរៀលផងដែរ ៕
