សម្តេចតេជោ ព្រមានទម្លាយលិខិតរបស់រដ្ឋមន្ត្រីណា ដែលមានកំហុសឆ្គងតាមបណ្តាញសង្គម

ភ្នំពេញ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានទម្លាយលិខិតរបស់រដ្ឋមន្ត្រីមួយចំនួន ដែលមានកំហុសឆ្គង ឬខុសអក្ខរាវិរុទ្ធ តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ប្រសិនបើលិខិតពួកគេដែលដាក់ជូននាយករដ្ឋមន្ត្រី នៅតែបន្តមានកំហុសដដែលៗ។
សម្តេចបានបញ្ជាក់ថា “អស់លោកទាំងឡាយអើយ ! កុំធ្វើបាបនាយករដ្ឋមន្ត្រីពេក ហើយថ្ងៃក្រោយបើមកអាធុនហ្នឹង បង្ហោះតាមហ្វេសប៊ុក និងតេលេក្រាមតែម្តង សំណាងហើយដែលខ្ញុំមិនបង្ហោះ ប៉ុន្តែមកលេងផ្សាយតាមទូរទស្សន៍ដើម្បីឱ្យពិភពលោកដឹងថា នាយករដ្ឋមន្ត្រីរអ៊ូ ដោយសាររដ្ឋមន្ត្រីខ្ជិល”។
សម្តេចតេជោបន្ថែមថា កន្លងទៅមានរដ្ឋមន្ត្រីមួយចំនួន បានដាក់លិខិតមកសម្តេចដោយមិនបានចុះកាលបរិច្ឆេទនោះទេ ហើយសម្តេចក៏បានចារប៊ិកក្រហមទៅវិញ ដោយបញ្ជាក់ថា «អត់បានដាក់ថ្ងៃខែ» ប៉ុន្តែរឿងដដែលនេះ បានដាក់មកសម្តេចបន្តទៀត៕

