សម្ដេចក្រឡាហោម ស ខេង៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ បានធ្វើឱ្យការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានប្រសិទ្ធភាពល្អប្រសើរ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យការគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានប្រសិទ្ធភាពល្អប្រសើរ បង្កលក្ខណសម្បត្តិដល់ក្រសួងមហាផ្ទៃអាចអញ្ជើញសមាសភាពចូលរួមសន្និបាតឆ្នាំនេះរហូតដល់ ៧៥០រូប កើនលើសឆ្នាំមុនជាង ២ដង ដែលមានសមាសភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីនៃទីស្ដីការក្រសួងមហាផ្ទៃចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង អភិបាល នាយករដ្ឋបាល ស្នងការនគរបាល ប្រធាន ពន្ធនាគារ រាជធានី ខេត្ត និងតំណាងក្រសួងស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសដែរ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញទទួលស្វាគមន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
សម្តេចក្រឡាហោម បានបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្តី្ររដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងនាមអង្គសន្និបាតទាំងមូល សម្ដេចក្រឡាហោម បានសម្ដែងនូវគារវកិច្ចគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែឆ្លៀតឱកាសដ៏មមាញឹកក្នុងភារកិច្ចបម្រើប្រទេសជាតិ និងប្រជាជន អញ្ជើញមកចូលរួមជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ដើម្បីផ្តល់អនុសាសន៍ដឹកនាំណែនាំតម្រង់ទិសដល់អង្គសន្និបាត ក្នុងការបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព ៕
