សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឲ្យក្រសួង ស្ថាប័ន និងកងកម្លាំងរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនានារួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យល្អប្រសើរក្នុងពេលដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម (SEA Games) លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម {ASEAN Para Game} លើកទី១២។
ការផ្ដល់អនុសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន លោកបានណែនាំបែបដូច្នេះថា៖ [ចំពោះព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ត្រូវខិតខំរួមគ្នាធានារក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឱ្យបានល្អប្រសើរ ក្នុងអំឡុងពេលនៃការរៀបចំព្រឹត្តិការណ៍ទាំងនេះ រួមទាំងសុវត្ថិភាព ចំពោះកីឡាករ និងអ្នកចូលទាំងក្នុង និងក្រៅប្រទេស]។
