នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលគណៈប្រតិភូអគ្គនាយកដ្ឋានចារកិច្ចយោធាចិន ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលគណៈប្រតិភូអគ្គនាយកដ្ឋានចារកិច្ចយោធាចិន ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ យ៉ាង យ៉ាង ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូ ដោយបានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រាបជូនពីសភាពការណ៍មួយចំនួននៅកម្ពុជា ជាពិសេស សភាពការណ៍បច្ចុប្បន្នដែលកម្ពុជាកំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធនិងជំងឺកូវីដ-១៩, ជោគជ័យនៃដំណើរការការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនានាដដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគគុណចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈបច្ចេកទេស និងថវិកា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក្នុងនោះវិស័យការពារជាតិ ចិនបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ការកែទម្រង់ ការកសាង និងពង្រឹងកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា តាមកិច្ចពិភាក្សារវាងកងទ័ពប្រទេសទាំងពីរ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ កងទ័ពរំដោះប្រជាជនចិន និងកងយោធពលខេមរភូមិន្ទ នឹងបន្តធ្វើលំហាត់សមយុទ្ធរួមគ្នាឡើងវិញ ដែលមានឈ្មោះថា«នាគមាស ឆ្នាំ២០២៣» បន្ទាប់ពីត្រូវខកខានអស់រយៈពេលពីរឆ្នាំដោយសារជម្ងឺឆ្លងកូវីដ-១៩។
ជាមួយនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសំណូមពរដល់កងទ័ពរំដោះប្រជាជនចិន នៅក្នុងការជួយបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងព័ត៌មានចារកិច្ច និងជួយផ្ដល់ជាសម្ភារៈ បរិក្ខារ ដល់កងយោធពលខេមរភូមិន្ទ និងការជួយរៀបចំដឹកនាំលំហាត់សមយុទ្ធនាគមាសឆ្នាំ២០២៣ ឱ្យដំណើរការល្អ និងទទួលបានលទ្ធផលខ្ពស់។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ទោ យ៉ាង យ៉ាង បាន
សម្តែងនូវការអរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ឯកឧត្តមអគ្គមេបញ្ជាការ ដោយបានបញ្ជាក់ថា នេះជាដំណើរបំពេញទស្សនកិច្ចលើកទី១មកកម្ពុជា ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ពិសេសការផ្លាស់ប្ដូរផ្នែកព័ត៌មានចារកិច្ចឲ្យឈានឡើងមួយកម្រិតទៀត។
ឯកឧត្តមប្រធានប្រតិភូ ក៏បានអរគុណដល់កម្ពុជាដែលបានជួយប្រទេសចិនកន្លងមក លើកិច្ចការអន្តរជាតិ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២០ អំឡុងពេលផ្ទុះមេរោគកូវីដ-១៩ ដែលបង្ហាញច្បាស់ថា ប្រជាជនកម្ពុជានឹងឈរជាមួយប្រជាជនចិនយ៉ាងរឹងមាំ។
ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការលើផ្នែកព័ត៌មានចារកិច្ច ឯកឧត្តម ឧត្តមសេនីយ៍ទោ យ៉ាង យ៉ាង បានគូបញ្ជាក់ថា នឹងខិតខំពង្រឹងការផ្លាស់ប្ដូរព័ត៌មាន ការចែករំលែកព័ត៌មានចារកិច្ច ជាមួយកម្ពុជា ក្នុងគោលដៅដើម្បីបង្ក្រាបឧក្រិដ្ឋកម្មផ្សេងៗ ធានាបាននូវសុខសុវត្ថិភាព សន្តិសុខប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។
ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ មានសេចក្តីរីករាយ និងទទួលយកចំពោះការសំណូមពររបស់ឯកឧត្តមអគ្គមេបញ្ជាការ ក្នុងការជួយបណ្ដុះបណ្ដាលជំនាញចារកិច្ច ដោយសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គមេបញ្ជាការ កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នឹងទទួលបានការរីកចម្រើនជាបន្តបន្ទាប់ទៀត ៕
