ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ បក្សប្រជាជន ជាបក្សមានគុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍លើសលប់ ក្នុងការផ្តល់អនាគតប្រកបដោយ លំនឹងស្ថិរភាពសម្រាប់យុវជន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគុណវុឌ្ឍិ សមត្ថភាព និងបទពិសោធន៍លើសលប់ ក្នុងការផ្តល់នូវអនាគតប្រកបដោយ លំនឹងស្ថិរភាពសម្រាប់យុវជន របស់យើងទាំងជំនាន់បច្ចុប្បន្ន និងគ្រប់ជំនាន់តទៅមុខ។
ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិត ចំនួនជិត ៣ ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៩ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនតែងចង់បាននូវការចម្រើនរីកលូតលាស់ ក្នុងបរិយាកាសនៃប្រទេសជាតិមួយ ប្រកបដោយលំនឹង និងស្ថិរភាពយូរអង្វែង ដូច្នេះការដាក់ចេញនូវ គោលនយោបាយនីមួយៗ របស់គណបក្សនយោបាយ ដាច់ខាតត្រូវមានមូលដ្ឋានច្បាស់លាស់ រួមជាមួយនឹងការសិក្សា ស្រាវជ្រាវព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយក៏ទាមទារជាចាំបាច់ នូវបទពិសោធន៍ក្នុងការបំពេញការងារ ជាក់ស្តែងកាលពីអតីតកាល និងបន្តមកដល់បច្ចុប្បន្នកាល ដើម្បីជាទុនក្នុងការរៀបចំផែនការទៅអនាគត ៕

