ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាបីយ៉ាងដែលមនុស្សអាច ទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាព ប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន

ភ្នំពេញ៖ ក្នុងពិធីប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកកត្តាបីយ៉ាង ដែលមនុស្សអាចទទួលបានការបណ្តុះបណ្តាល ដើម្បីទទួលបានប្រសិទ្ធភាព ប្រហាក់ប្រហែលនឹងគ្រឿងម៉ាស៊ីន ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំជាការសំខាន់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ជាតិសាសន៍ ព្រោះថាធនធានមនុស្សគឺជាមូលដ្ឋានចម្បងដើម្បីធ្វើឱ្យប្រទេសមួយធ្វើដំណើរឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនប្រកបដោយចីរភាព ភាពប្រកួតប្រជែង និងធានាបាននូវអធិបតេយ្យ និងភាពឯករាជ្យម្ចាស់ការយូរអង្វែង។
ឯកឧត្តមបណ្ឌិត ថ្លែងថា មានទស្សនៈខ្លះលើកទ្បើងថា ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប គេព្យាយាមជំរុញមនុស្សឱ្យធ្វើការដូចជាម៉ាស៊ីន ឬម៉ាស៊ីនអាចមានសុភវិនិច្ឆ័យដូចជាមនុស្ស តែទោះជាយ៉ាងការណ៍ពីរនេះមិនអាចមានភាពប្រត្យក្សច្បាស់បានទ្បើយ។
កត្តាសំខាន់ៗទាំងបីយ៉ាង រួមមាន៖ ១. បណ្តុះបណ្តាលមនុស្សឱ្យធ្វើការងារដោយមានភាពច្បាស់លាស់ ភាពប្រាកដប្រជា និងធានាបាននិរន្តភាព, ២. បណ្តុះបណ្តាលមនុស្សឱ្យចេះមានការជំរុញទឹកចិត្ត និងឯករាជ្យភាពដោយខ្លួនឯងក្នុងការអនុវត្តការងារ, និង ៣. បណ្តុះបណ្តាលឱ្យមានឆន្ទៈ មនសិការ ក្នុងការជួយគ្នាសម្រេចបាននូវជោគជ័យក្នុងគ្រប់ភារកិច្ចក្នុងស្មារតីប្រកួតប្រជែងវិជ្ជមាន។
ឯកឧត្តមបណ្ឌិត បន្ថែមថា ទាំងអស់នេះ គឺអាចសម្រេចបានតាមរយៈការអប់រំបណ្តុះបណ្តាល ទាំងជំនាញរឹង ដែលសំដៅទៅលើជំនាញឯកទេស ដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។ល។ និងជំនាញទន់ ដែលសំដៅទៅលើជំនាញដែលទាក់ទងទៅនឹងផ្នត់គំនិត ការជំរុញទឹកចិត្ត ការមានគុណធម៌ និងសីលធម៌ ជាដើម។ ហើយការបណ្តុះបណ្តាលជំនាញទាំងពីរនេះត្រូវមានការដើរទន្ទឹមគ្នាតាំងតែពីកម្រិតបឋមសិក្សា រហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ៕
