កម្ពុជា-ចិន ប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្ស ជាឧបករណ៍ដើម្បីជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានប្រកាសប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍ ការអនុវត្តស្ដង់ដារពីរ ការបំពានតម្លៃប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យ ។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ភាគីទាំងពីរបានឯកភាពថា បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំងមិនមែនជាបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែជាការបង្ក្រាបអំពើភេរវកម្ម ភាពជ្រុលនិយម និងការផ្តាច់ខ្លួននិយម។
ភាគីកម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្រឆាំងជាដាច់ខាត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយប្រើប្រាស់បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង។
ភាគីទាំងពីរបានឯកភាពថា ការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្ស ចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលក្ខខណ្ឌជាតិជាក់ស្តែង។
ភាគីទាំងពីរបានប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍ ការអនុវត្តស្ដង់ដារពីរ ការបំពានតម្លៃប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអធិបតេយ្យ ឬធ្វើឱ្យមានការបែកបាក់ និងប្រឈមមុខដាក់គ្នា ក្រោមហេតុផលគាំពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឬការដាក់កំហិតអំពីឆន្ទៈរបស់ប្រទេសមួយទៅលើប្រទេសដទៃទៀត ៕
