ឯកឧត្តម សាយ សំអាល់ ទទួលជួបពិភាក្សាការងារជាមួយប្រធាននៃ United Nations Office of Sustainable Development (UNOSD)

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ លោក Chun Kyoo Park ប្រធាននៃ United Nations Office of Sustainable Development (UNOSD) និងលោក Kazushige Endo ប្រធាននៃ United Nations Centre for Regional Development (UNCRD) នៅសណ្ឋាគារសុខាសៀមរាប។
នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧% ក្នុងមួយឆ្នាំ មុនវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ហើយកំពុងបោះជំហានឆ្ពោះទៅកាន់គោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញគោលការណ៍នៃសេដ្ឋកិច្ចវិលជុំ ទៅក្នុងដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ស្របជាមួយនឹងការគិតគូរប្រកបដោយភាពប្រតិសកម្មក្នុងវិស័យបរិស្ថាន ជាពិសេសតាមរយៈការតាក់តែងក្រមបរិស្ថាននិងធនធានធម្មជាតិ សៀវភៅសស្ដីពីបរិស្ថាន និងការបញ្ជ្រាបការអប់រំបរិស្ថានទៅក្នុងកម្មវិធីសិក្សាជាតិគ្រប់កម្រិតសិក្សា។ ពាក់ព័ន្ធនឹងការបញ្ជ្រាបការអប់រំបរិស្ថាននេះ ក្រសួងបរិស្ថាន សង្ឃឹមថា UNOSD និង UNCRD ក៏ដូចជាទីភ្នាក់ងារផ្សេងទៀតរបស់អង្គការសហប្រជាជាតិ នឹងផ្ដល់កិច្ចសហការកាន់តែជិតស្និទបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅនៃសេដ្ឋកិច្ចវិលជុំ និងសង្គមគ្មានសំណល់ ៕
