នគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

តាកែវ៖ នៅថ្ងៃអាទិត្យ វេលាម៉ោង ១១ និង ០០ នាទី មានករណីអំពើលួច (លួចម៉ូតូ) កើតឡើងនៅត្រង់ចំណុចភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ២ នាក់ ប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពម៉ូតូធុន C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-4803 បានធ្វើសកម្មភាពលួចម៉ូតូធុន C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-3425 របស់ជន រងគ្រោះឈ្មោះ អ៊ូ ប៊ុនថាន ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលំពង់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលកុមារាជា និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋក្រាំងលាវ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុក បានចេញធ្វើការល្បាតពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង១១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល បានប្រទះម៉ូតូជនសង្ស័យ ក៏ត្រូវជនសង្ស័យជិះម៉ូតូបុកបារ៉ាស់សមត្ថកិច្ច ដែលកំពុងធ្វើការស្ទាក់ផ្លូវត្រួតពិនិត្យ បណ្ដាលអោយរងរបួសសមត្ថកិច្ចម្នាក់គឺ លោកអនុសេនីយ៍ឯកកៅ សុវណ្ណារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងលាវ។
ភ្លាមៗនោះ កម្លាំងជំនាញបានដេញតាមឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម ចាន់រិត ហៅ ច្រេល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងវត្ថុតាងម៉ូតូធុន C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ កំពង់ស្ពឺ 1J-4803 នៅត្រង់ចំណុចភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រីឯកបក្សពួកម្នាក់ទៀតមានឈ្មោះ សឹម សុខនី ហៅ អ៊ី ជិះម៉ូតូជនរងគ្រោះធុន C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ តាកែវ 1Z-3425 រត់គេចខ្លួនបាត់។
សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ គឹម ចាន់រិត មានដីការចាប់ខ្លួនលេខ ២២២/២០២២ ចុះថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២ បទល្មើស អំពើលួចមានស្ថានទំងន់ទោស។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
