តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីផ្សព្វផ្សាយអប់រំចិត្តសាស្ត្រ ជូនដល់នាយ-ពលទាហាន

ភ្នំពេញ៖ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្តីពីផលអវិជ្ជមាន និងគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់នាយ-ពលទាហាន របស់អង្គភាព ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក វរសេនីយ៍ទោ ធន រិទ្ធី នាយសេនាធិការរង ទទួលបន្ទុកការងារគ្រឿងញៀន និង លោកវរសេនីយ៍ទោ វេជ្ជបណ្ឌិត សូ សារឿន នាយផ្នែកសុខាភិបាល តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងមានការចូលរួមពីលោកនាយ នាយរង ការិយាល័យ ផ្នែក ព្រមទាំងនាយ-ពលទាហាន តាមបណ្តាអង្គភាពចំណុះទីបញ្ជាការផងដែរ ។
អញ្ជើញធ្វើបទបង្ហាញនាឱកាសនេះ លោកវរសេនីយ៍ទោ ធន រិទ្ធី បានពន្យល់អំពីអ្វីទៅដែលហៅថាគ្រឿងញៀន ប្រភេទនៃគ្រឿងញៀន ព្រមទាំងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជាដើម ។ លោក បានបន្ថែមថា គ្រឿងញៀនជាប្រភពនៃមេបញ្ហា ដែលបំផ្លាញគ្រប់យ៉ាង ទាំងសុខភាព ពេលវេលា ថវិកា បំផ្លាញទាំងគ្រួសារ និងសង្គមជាតិ ផងដែរ ។
លោកនាយសេនាធិការរង បានបញ្ជាក់អំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងទ័ពជើងគោក គឺហាមដាច់ខាតមិនឲ្យ នាយ-ពលទាហាន ប្រើប្រាស់គ្រឿងញៀនឡើយ បើពិនិត្យឃើញមានផ្ទុកសារធាតុញៀន នឹងត្រូវលុបឈ្មោះចេញពីជួរកងទ័ព ព្រមទាំងទទួលខុសត្រូវចំពោះមុខច្បាប់ មិនអាចលើកលែងបានឡើយ ។
ជាចុងក្រោយ លោកវរសេនីយ៍ទោ នាយសេនាធិការរថ បានក្រើនរំលឹកដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមក្នុងពិធី ត្រូវនិយាយថា “ទេ” និង នៅឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីខ្លួនឯង គ្រួសារ អង្គភាព និងប្រទេសជាតិទាំងមូលផងដែរ ៕
