ឯកឧត្តម អ៊ុ ច បូររិទ្ធ ចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី១៨ នៅកោះ Djerba ប្រទេសទុយនីស៊ី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម Kaïs Saïd ប្រធានាធិបតីនៃសាធារណៈរដ្ឋទុយនីស៊ី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី១៨ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះ Djerba ប្រទេសទុយនីស៊ី។
នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជួបជាមួយថ្នាក់ដឹកនាំកំពូល ដូចជា ប្រធានាធិបតីសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្រ្តីកាណាដា ដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនសម្តេចតេជោនាយករដ្ឋមន្រ្តី និងជូនពរសម្តេចសូមឲ្យឆាប់ជាសះស្បើយពីកូវីដ-១៩។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានជួបប្រជុំទ្វេភាគីជាមួយឯកឧត្តម Traian HRISTEA រដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី ទទួលបន្ទុកកិច្ចការសកល និងយុទ្ធសាស្រ្តការទូត ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិអន្តរជាតិនៅក្នុងកិច្ចប្រជុំលើកទី៤៣ នៃសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនី (CMF) ឯកឧត្តមរដ្ឋលេខាធិការ ឈីវ យីស៊ាង បានជួបពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយរដ្ឋមន្រ្តីក្រសួងបរទេសអង់ដរ ទុយនីស៊ី កាណាដា និងកាមេរូន ព្រមទាំងតំណាងប្រទេសមួយចំនួនទៀត ដូចជា ឯកអគ្គរាជទូតម៉ូណាកូ ឯកអគ្គរដ្ឋទូតអេស្តូនី និងឯកអគ្គរដ្ឋទូតលុចសំប៊ួរ ៕
