កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចែករំលែកបទពិសោធន៍ចំណេះដឹងលើផ្នែកវិស័យមីន

ភ្នំពេញ៖ សមិទ្ធផលដែលសម្រេចបានរយៈពេល៣០ឆ្នាំកន្លងមកនេះ គិតតាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃវិស័យមីននៅកម្ពុជា ដែលយើងអាចមានសមត្ថភាព ក្នុងការចែករំលែកបទពិសោធន៍ចំណេះដឹង ទៅប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងយន្តការកិច្ចសហប្រតិបត្តិការ អន្តរជាតិទ្វេភាគីនិងពហុភាគី ជាពិសេសក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងពិធីបើកសន្និបាតជាតិខួប៣០ឆ្នាំ នៃកម្មភាពមីននៅកម្ពុជា ក្រោមប្រធានបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញគឹម” នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និសីទកោះពេជ្រ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងទៀតថា ដើម្បីបង្កើតកាលានុវត្តភាព និងភាពប្រទាក់ក្រឡារវាងភាគី ពាក់ព័ន្ធ សំដៅពន្លឿនការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឱ្យកាន់តែមានសន្ទុះ និងទទួល បានជោគជ័យកាន់តែខ្លាំងក្លាបន្ថែមទៀត អាជ្ញាធរមីនរួមសហការជាមួយភាគីពាក់ព័ន្ធផ្តួចផ្តើមរៀបចំសន្និបាតជាតិនាពេលនេះ ក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផល៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ឆ្នាំ១៩៩២-២០២២ និងសមត្ថភាពរបស់កម្ពុជា ក្នុងការដោះស្រាយការគម្រាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្សព្វផ្សាយពីផែនការសកម្មភាពការងារឆ្ពោះទៅរកឆ្នាំ២០២៥គ្មានមីន។ការបោសសម្អាតមីននៅក្នុងប្រទេស កម្ពុជាក៏បានដើរតួនាទីគំរូក្នុងការបោសសម្អាតមីន និងការរក្សាសន្តិភាពនៅក្រៅប្រទេសដូចជា ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ម៉ាលី អាហ្វ្រិកកណ្តាល កោះស៊ីប លីបង់ ស៊ីរី និងយ៉េមែនជាដើម។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងថា រយៈពេល៣០ឆ្នាំនេះ ក្នុងបេសកកម្មសកម្មភាពមីនរួមគ្នា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការដោះស្រាយផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។ ផ្ទៃដី ២.៥៣១ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច និងប្រែក្លាយជាដីសុវត្ថិភាព និងប្រើប្រាស់ ដោយបានប្រែក្លាយ ដីមីន ទៅជា ដីមាស។ ប្រតិបត្តិករ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់លានគ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ១.១៥១.២៣២ គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៦.១១២ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣.០២៨.៦៥៩ គ្រាប់៕
