ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ ក្នុងជំនួបសន្ទនាតាមប្រព័ន្ធទូរស័ព្ទជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១ វិច្ឆិកា ឯកឧត្តម វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន ។
ក្នុងជំនួបនោះដែរ ប្រធានាធិបតីអ៊ុយក្រែន ក៏បានបញ្ជាក់ពីបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូរសន្ទនា តាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ ។
ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ។
ឯកឧត្តមប្រធានាធិបតី បានថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័កាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យ ដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕
