សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជូនមន្ត្រីជាន់ខ្ពស់ឲ្យនាំបច្ច័យ និងសម្ភារៈចូលរួមរំលែកមរណទុក្ខ ជាមួយគ្រួសារសពកុមារទាំង ១១រូប

ភ្នំពេញ៖ ក្តីក្តួលរំជួលចិត្តដ៏ជ្រាលជ្រៅបំផុតជាមួយគ្រួសារសព ជនរងគ្រោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជូនមន្ត្រីកាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគ បរិភោគ ថវិកាចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំទាំងយប់ ជាមួយគ្រួសារសពកុមារទាំង ១១រូប ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍លិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល។
ចំពោះគ្រួសារសពកុមារទាំង១១រូប កំពុងបូជាសពកូននៅវត្តកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមគ្រួសារសពទាំងអស់។

លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថាបន្ទាប់ពីបានទទួលនូវព័ត៌មាននៃការលិចទូក និងគ្រោះថ្នាក់ដល់អាយុជីវិតកុមារទាំង ១១រូបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តក់ស្លុតរន្ធត់ចិត្តជាពន់ពេក។ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងបន្ថែមថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានហូរទឹកភ្នែក និងស្តាយចំពោះកុមារទាំង១១រូប សុទ្ធតែជាសិស្សានុសិស្សស្រឡាញ់ការសិក្សារៀនសូត្រ។
លោកជំទាវ បានគូសបញ្ជាក់ទៀតថា ក្រៅតែពីការតក់ស្លុតក្នុងហេតុការណ៍នេះហើយនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបញ្ចូនឱ្យលោកជំទាវ ពុំ ចន្ទីនី, និងសហការី នាំគ្រឿងឧបភោគ បរិភោគ និងថវិកាចូលរួមរំលែកមរណទុក្ខ រំលែកនូវការលំបាកជាមួយគ្រួសារសពទាំងយប់តែម្តង។ តាមរយៈកាយវិការនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីទឹកចិត្ត និងក្តីខ្វល់ខ្វាយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលគេប្រសិទ្ធនាមជាមាតាមនុស្សធម៌ ចំពោះគ្រួសារសពជនរងគ្រោះ។

លោកជំទាវ ពុំ ចន្ទីនី នៅក្នុងឱកាសនោះដែលក៏បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់នូវការលើកកម្លាំងដល់គ្រួសារសព យកនូវព្រះធម៌រំលត់នូវក្តីសង្វេក ហើយព្យាយាមថែទាំសុខភាពឱ្យបានរឹងមាំឡើង។
ក្នុងឱកាសនេះលោកជំទាវ ពុំ ចន្ទីនី និងលោកជំទាវ ម៉ែន នារីសោភ័គ បានសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណខណ្ឌកុមារបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ព្រមទាំងសូមជូនពរដល់ក្មេងៗជនរងគ្រោះរួចផុតជីវិតពីការស្លាប់ សូមឆាប់ជាសះស្បើយ ដើម្បីវិលទៅបន្តការសិក្សារៀនសូត្រ រស់នៅជាប្រក្រតីវិញ។

គ្រួសារសព ទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌មហាធំធេងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែជួយរាល់ពេលប្រជាពលរដ្ឋមានទុក្ខ និងជួបការលំបាកនានា។ ក្រុមគ្រួសារជនរងគ្រោះគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន និងបានប្រកបដោយពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយការចូលរួមរំលែកមរណទុក្ខនេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពកុមារទាំង១១រូប (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល។
ទាំងអស់។


