អបអរសាទរ! យុវជនចំនួន ៥០រូប បានបញ្ចប់វគ្គសិក្សាជំនាញបដិសណ្ឋារកិច្ចក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធាន គ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យក្នុងឆ្នាំ ២០២១-២០២២ របស់អង្គការស្លាបព្រាកម្ពុជា ដោយមានអ្នកចូលរួមមកពីមន្ទីអង្គភាពពាក់ព័ន្ធ សមាគមទេសចរណ៍ វិស័យឯកជន និងមាតាបិតាសិស្សានុសិស្សសរុបចំនួនប្រមាណ ១០០រូប។

តាមរយៈកម្មវិធីខាងលើ សិស្សានុសិស្សចំនួន ៥០រូប បានសិក្សាជំនាញបច្ចេក និងជំនាញទន់រយៈពេល ១ឆ្នាំពេញ ដោយសាលាបានផ្តល់ជូននូវទីកន្លែងស្នាក់នៅ អាហារ សម្ភារៈសិក្សា ការធានារ៉ាប់រងលើគ្រោះថ្នាក់និងសុខភាព ឯកសណ្ឋាន ការប្រឹក្សាលើការងារ និងជួយស្វែងរកការងារ និងវគ្គបំប៉នសមត្ថភាពបន្ទាប់ពីមានការងារធ្វើជាដើម។
បច្ចុប្បន្នសិស្សានុសិស្សទាំងអស់ទទួលបានឱកាសការងារផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្មនានាក្នុងខេត្តសៀមរាប៕

