ព្យុះសង្ឃរា Yagi កំពុងវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បន្ទាប់ពីឆ្លងកាត់ប្រទេសចិន

ហាណូយ៖ ព្យុះសង្ឃរាយ៉ាកជី(Yagi) ដែលជាព្យុះដ៏មានឥទ្ធិពលខ្លាំងក្លាបំផុតរបស់អាស៊ីនៅឆ្នាំនេះបានបោកបក់ឆ្ពោះទៅឆ្នេរសមុទ្ទភាគខាងជើងនៃប្រទេសវៀតណាមនៅថ្ងៃសៅរ៍ទី៧ខែកញ្ញា បន្ទាប់ពីព្យុះកំណាចនេះបានបោកបក់កាត់ខេត្តកោះហៃណានភាគខាងត្បូងរបស់ប្រទេសចិន ជាមួយនឹងផ្លេកបន្ទោរ ភ្លៀង ផ្គរ រន្ទះ និងខ្យល់បក់បោកយ៉ាងខ្លាំង។
នៅថ្ងៃសៅរ៍នេះ ព្យុះសង្ឃរាយ៉ាកជីកំពុងបោះពួយយ៉ាងលឿនស្លេវឆ្ពោះទៅភាគខាងជើងប្រទេសវៀតណាមលើឈូងសមុទ្ទតុងកឹង។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ផាំ មិញជិញ បញ្ជាឱ្យចាត់វិធានការរហ័សលើការឆ្លើយតបឥទ្ធិពលព្យុះ និងគ្រោះទឹកជំនន់ ខណៈព្យុះនេះត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ខេត្តភាគខាងជើងជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ខណៈបរិមាណទឹកភ្លៀងនឹងមានចាប់ពី១០០ ទៅ ៣៥០មីលីម៉ែត្រ និងតំបន់ដាច់ស្រយាលអាចលើសពី ៥០០មីលីម៉ែត្រ ជាពិសេសអាចបង្កើនហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅតំបន់ទំនាបកណ្តាល និងតំបន់ភ្នំ។ ទន្ទឹមគ្នានេះ ប្រធានគណៈកម្មាធិការប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ត្រូវបានណែនាំឱ្យតាមដានស្ថានការណ៍ឱ្យបានដិតដល់ ហើយប្រសិនបើចាំបាច់ សូមចេញសេចក្តីណែនាំជាសាធារណៈដើម្បីចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងពិចារណាបិទសាលារៀនជាបណ្តោះអាសន្ននៅគ្រប់កម្រិតថ្នាក់ដើម្បីធានាសុវត្ថិភាព។
សូមជម្រាបថា ព្យុះសង្ឃរាយ៉ាកជីបានលេចឡើងនៅលើសមុទ្ទនៅភាគខាងកើតនៃប្រជុំកោះហ្វីលីពីនកាលពីថ្ងៃទី១ខែកញ្ញា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងរបួស ១៣នាក់។ ក្រោយមក ព្យុះកំណាចយ៉ាកជីនេះបានធ្វើឱ្យរអិលបាក់ស្រុតដីនៅខេត្តហៃណានប្រទេសចិនកាលពីថ្ងៃសុក្រទី៦ខែកញ្ញា ដោយមានកម្លាំងខ្យល់អតិបរមា ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានធ្វើឱ្យបាក់ដើមឈើ និងផ្លូវជន់លិច ខណៈការផ្គត់ផ្គង់ថាមពលដល់ផ្ទះជាង ៨សែនគ្រួសារត្រូវបានកាត់ផ្តាច់ និងបានបង្កឱ្យមនុស្សរាប់លាននាក់ផ្លាស់ប្ដូរទីលំនៅទាំងវេទនា។
គួរបញ្ជាក់ថា ព្យុះសង្ឃរាយ៉ាកជីនេះបានកើនឡើងឥទ្ធិពលយ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយក្លាយជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៤ បន្ទាប់ពីព្យុះសង្ឃរាប្រភេទទី៥ «អាត្លង់ទិច Beryl» និងជាព្យុះសាហាវធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ប៉ាស៊ីហ្វិកនៅឆ្នាំនេះ៕

