ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចុះត្រួតពិនិត្យសភាពការទឹកក្នុងតំបន់ចំនួន៨ ក្នុងខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងមន្ទីរធនធានទឹក និងឧតុនិយមរបស់ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំការចុះត្រួតពិនិត្យសភាពការទឹកក្នុងតំបន់ព្រៃខ្ពស់ តំបន់អូរដូនតាសណ្តាន់ តំបន់អូរដូនឪ តំបន់អូរម្កាក់ តំបន់អូរចារ តំបន់អូរស្ងួត តំបន់សឿ តំបន់ពោធិពីរដើម និងជម្រុញការងារការដ្ឋានសំណង់ប្រព័ន្ធធារាសាស្រ្ត ក្នុងតំបន់ទាំងនេះឲ្យបានប្រព្រឹត្តទៅឆាប់ចប់តាមផែនការ។
ក្នុងពេលនោះ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចអនុញាតឲ្យធ្វើការដោះទឹកទាំងអស់ពីតំបន់ព្រំដែននិងតំបន់មេឡៃតាម សំណង់ប្រព័ន្ធធារាសាស្រ្តអូរចារដែលជាទឹកដ៏ធំចូលបឹងទន្លេសាបជាបន្ទាន់ដើម្បីបញ្ជៀសការជន់លិចក្នុងខេត្តបន្ទាយមានជ័យ ក្នុងពេលនេះ។
ម្យ៉ាងទៀតដោយសារខេត្តបន្ទាយមានជ័យ ក៏ដូចជាបណ្តាខេត្តដ៏ទៃទៀតដែរតែងតែយាយីដោយឥទ្ធិពលវិសម្ពាធទាប បាតុភូតធម្មជាតិនានានិងបម្រែបម្រួល អាកាសធាតុឥតស្រាក់ស្រានធ្វើឲ្យមានជំនន់ទឹកភ្លៀងយ៉ាងកំហុកដែលជាការបង្កឲ្យជន់លិចយ៉ាងលឿន អាស្រ័យហេតុនេះហើយទើបក្រសួងធនធានទឹក និងឧតុនិយម ធ្វើការជួសជុលស្តារឡើងវិញលើអូរដូនឪ និងអូរម្កាក់ដើម្បីជួយដោះទឹកជំនន់គ្រប់ប្រភេទឲ្យធ្លាក់ចូលបឹងទន្លេសាប បានលឿនបញ្ជៀសឲ្យខាងតែបាន លើការជន់លិចខេត្តបន្ទាយមានជ័យ៕

