នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល នៅតែដឹងគុណនូវគុណូបការៈរបស់ បងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន

ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពារាំង កាលពីពេលថ្មីៗនេះ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន គ្រួសារអ្នកពលី-មរណៈ ជនពិការ និងនិវត្តន៍ជន មន្រ្តីរាជការស៉ីវិល ទូទាំងស្រុកពារាំង ចំនួន ៦២៧នាក់ និងបានឧបត្ថម្ភក្នុងម្នាក់ៗ រួមមាន ថវិកា ៥០,០០០៛ និងសម្ភារៈ មានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ទឹកសុទ្ធ១កេស, ត្រីខ ១យួរ និងសារុង ១។
ជាមួយនេះដែរ ឯកឧត្ដម បានជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ដោយគូសបញ្ជាក់ថា គណបក្សប្រជាជនមិនដែលភ្លេចគុណូបការៈដែលបងប្អូនបានខិតខំនាពេលកន្លងមកគឺនៅតែចងចាំ នៅតែដឹងគុណជាប់ជានិច្ចចំពោះបងប្អូន។

ឯកឧត្ដម ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់អស់លោកទាំងអស់ដែលជាអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះបក្ស ក៏ដូចជាប្រទេសជាតិ បក្សមិនដែលភ្លេចទេ។
ឯកឧត្ដម វង្ស ពិសេន ក៏បានណែនាំដល់អស់លោក លោកស្រីទាំងអស់ ត្រូវដឹងគុណ ត្រូវការពារ ហើយក៏ត្រូវតែ មើលឃើញពីសារៈសំខាន់នៃការដឹកនាំរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ហើយនៅថ្ងៃខាងមុខនេះ បងប្អូនត្រូវវាយតម្លៃឱ្យខ្ពស់ចំពោះការដឹកនាំរបស់គណបក្ស ប្រជាជនក៏ដូចជារាជរដ្ឋាកិបាល ដែលបងប្អូនត្រូវចងចាំ រហូតដល់ពេលបច្ចុប្បន្ននេះ។
ជាមួយនិងការជួបសំណេះសំណាល និងសួរសុខទុក្ខនេះផងដែរ ឯកឧត្ដម អគ្គមេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់បងប្អូន ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី៤ ទី៥ត្រូវទៅចាក់ឱ្យបានគ្រប់ៗគ្នា ព្រមទាំងរក្សាអនាម័យ និងប្រកាន់ខ្ជាប់គោលការណ៍ ៣កុំ ៣ការពារ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ និងសូមជូនពរបងប្អូនមានសុខភាព ល្អបរិបូរណ៍ មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីវត្តអារាម ការធ្វើដំណើរកម្សាន្តនានា ព្រមទាំងការជួបជុំ ញាតិមិត្ត ប្រកបដោយសេចក្ដីរីករាយ៕

