លោកជំទាវ ទឹម ដានិត ឯក សំអូន អញ្ជើញប្រគល់ថវិកា គោលនយោបាយរបស់រាជរដ្ឋាភិបាល ជូនដល់យោធិននារីលំហែមាតុភាព បម្រើការងារក្នុងយោធភូមិភាគទី៥
ភ្នំពេញ៖ លោកជំទាវ ទឹម ដានិត ឯក សំអូន ប្រធានកិត្តិយសយោធិននារី យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ថវិការបស់រាជរដ្ឋាភិបាល ជូនយោធិននារីលំហែមាតុភាព ចំនួន ១០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨០០.០០០រៀល ពិធីនេះបានប្រារព្ធធ្វើនៅមន្ទីពេទ្យយោធភូមិភាគទី៥។
លោកជំទាវ បានមានប្រសាសន៍ ពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ជូនចំពោះយោធិននារីទាំងអស់ និងបានអបអរសាទរចំពោះការទទួលបានសមាជិកថ្មីក្នុងគ្រួសារបន្ថែមទៀតផងដែរ។
លោកជំទាវ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការដំឡើងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព ប្រាក់ឧបត្ថម្ភដល់យោធិននារីសម្រាកលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលសម្រាកលំហែមាតុភាព លោកជំទាវ ក៏បានផ្ដាំផ្ញើ យោធិននារីទាំងអស់ឱ្យរក្សាអនាម័យ និងការពារខ្លួន ក៏ដូចជាអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យឆ្លងផុតពីការចម្លងជំងឺកូវីដ-១៩។
ស្ថិតក្នុងឱកាសនោះ យោធិននារីទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រាជរដ្ឋាភិបាល និងលោកជំទាវ ដែលបានឆ្លៀតឱកាសអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិការបស់រាជរដ្ឋាភិបាល ផ្ដល់ជូនពួកគាត់សម្រាប់ដោះស្រាយការលំបាកនាពេលនេះ៕