នាយករដ្ឋមន្ត្រី៖ ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់ សម្រាប់ការរក្សាសម្បត្តិវប្បធម៌របស់ដូនតា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំតំបន់រមណីយដ្ឋានអង្គរ ជាកិច្ចការចាំបាច់ សម្រាប់ការរក្សា សម្បត្តិវប្បធម៌របស់ដូនតា ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពី តំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំឱ្យក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ត្រៀមដីជាគោលនយោបាយ ដើម្បីចែកឱ្យកូនៗពលរដ្ឋព្រមរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅពេលបែកគ្រួសារ។
សម្តេចតេជោបញ្ជាក់ថា យុទ្ធនាការនាពេលនេះ បានធ្វើឱ្យតំបន់រមណីយដ្ឋានអង្គរ នៅតែបន្តរក្សាបានក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាប្រយោជន៍ដ៏ធំរបស់ជាតិ។ សម្តេចថា សម្រាប់ប្រជាពលរដ្ឋ បានប្រែពីមានលំនៅឋានមិនស្របច្បាប់ មកជាមានលំនៅឋានស្របច្បាប់។
សម្តេចតេជោ ក៏បានណែនាំឱ្យកងទ័ព ឱ្យជួយដឹកជញ្ជូនសម្ភារៈប្រជាពលរដ្ឋ រុះរើពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។
សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដល់ប្រជាពលរដ្ឋព្រមរុះរើសំណង់ទាំង ១,១១៧គ្រួ រួមមានអង្ករ ៥០គីឡូក្រាម មី ៦កេសតូច ត្រីខ ១កេសធំ ថវិកា ២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាសម្រាប់ការរុះរើផ្ទះ ១លានរៀល។ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភស័ង្កសីជូនពលរដ្ឋមួយគ្រួសារ ៣០សន្លឹក ៕