ឃាត់ខ្លួនចោរលួចទូរស័ព្ទម្នាក់ នៅស្រុកវាលវែង!
ពោធិសាត់៖ ជនសង្ស័យជាចោរកម្មលួចទូរស័ព្ទម្នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣ និង ៤៥ នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ ដែលបានប្តឹងទៅសមត្ថកិច្ចថា ជនសង្ស័យម្នាក់នោះបានលួចទូរស័ព្ទរបស់ខ្លួនម៉ា Iphone xs max ចំនួន ២គ្រឿង។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកវាលវែងបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះថន រដ្ឋា ហៅប៉ក់ ភេទប្រុសអាយុ ៣១ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិកណ្តាល ឃុំអូរសោម ស្រុកវាលវាលវែង ខេត្តពោធិសាត់។
ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងរួមមានផ្លែឃ្លោកជ័រ ១ រូបសត្វដំរីធ្វើពីជ័រ ១ និង ខោអាវចំនួន ២ កំផ្លេផងដែរ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី ៕