បណ្ឌិត ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនបក្សប្រជាជន នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនបក្សថ្នាក់កណ្តាល រហូតសម្រេចបានលទ្ធផលជាទីមោទនៈ
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយធ្វើសកម្មភាពយ៉ាងសកម្មលើការងារសហការជំរុញការកសាងពង្រីករចនាសម្ព័ន្ធគណបក្ស និងការកសាងថែទាំសមាជិកគណបក្ស រហូតសម្រេចបានលទ្ធផលជាទីមោទនៈ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នាថ្ងៃទី១០ កញ្ញា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ពិតណាស់ ជោគជ័យនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការដាក់ចេញនូវទិសដៅ និងសូចនាករបានច្បាស់លាស់ ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ និងកម្លាំងធនធានមនុស្សបានត្រឹមត្រូវ ជាពិសេសការបន្តប្រព្រឹត្តអំពើល្អ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់។
ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់ថា សមិទ្ធផលការងារទាំងនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរនៅគ្រប់បណ្តាប្រទេសគោលដៅ។ កត្តាទាំងអស់នេះ ក៏បានបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្រោមស្មារតីខ្មែរតែមួយជួយគ្នាទៅវិញទៅមក ហើយសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរយូរអង្វែងតរៀងទៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ៕