ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញផ្សព្វផ្សាយលទ្ធផល សន្និបាតវិសាមញ្ញរបស់ គណៈកម្មាធិការកណ្តាល បក្សប្រជាជន និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៃស្រុកកោះសូទិន ដែលទើបជាប់ឆ្នោត
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម នាថ្ងៃទី១០ កញ្ញានេះ បានអញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាត វិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ កាលពីពេលថ្មីៗកន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច ម្រាប់សមាជិកសមាជិការគណបក្សស្រុកកោះសូទិន យកទៅអនុវត្តដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខានតែបាន។
ក្រោយ ឯកឧត្តម អ៊ុ ន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ លោក ហេង ហ៊ុន អនុប្រធានគណៈកម្មាធិការបក្សស្រុកកោះសូទិន បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកកោះសូទិន មានឈ្មោះបោះឆ្នោតចំនួន ៣៨,៨៤២នាក់ និងបានអញ្ជើញទៅបោះឆ្នោតចំនួន ២៩,៧០៧នាក់ ស្មើ ៧៦% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ២០,១៨៤ សម្លេង ស្មើនឹង ៧០%។
ពិធីនេះត្រូវបានរៀបចំធ្វើនៅទីស្នាក់ការគណបក្សប្រជានកម្ពុជាស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ព្រមទាំងសមាជិកសមាជិកាគណបក្សជាច្រើនរូបទៀត សរុបប្រមាណ ៣៣៣នាក់ នាព្រឹកថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២៕