ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា ធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើកទី៣ របស់ HLTF នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងដ្យាការតា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ក្នុងក្រុមការងារជាន់ខ្ពស់ (HLTF) សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅថ្ងៃទី៦-៨ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូហើយធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៣ របស់ HLTF នៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុងដ្យាការតា រួមជាមួយសហប្រធានម៉ាឡេស៊ី ឯកឧត្តម Tan Sri Hasmy Agam ។
កិច្ចប្រជុំនេះមានការចូលរួមពីអគ្គលេខាធិការអាស៊ាន ឯកឧត្តម Dato Paduka Lim Jock Hoi, ឥស្សរជនជាន់ខ្ពស់, តំណាងជាន់ខ្ពស់ និង ឧត្តមមន្ត្រីផ្សេងទៀតមកពីរដ្ឋសមាជិកអាស៊ាន ព្រមជាមួយមន្រ្តីលេខាធិការដ្ឋានអាស៊ាន ហើយមានទិសដៅរៀបចំធាតុស្នូល និង អនុសាសន៍ស្តីពីការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។
សម័យប្រជុំទីមួយនៃ HLTF បានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នៅថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២២។ សម័យប្រជុំទីពីរបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ២២-២៤ ខែមិថុនា ឆ្នាំ ២០២២។
សម័យប្រជុំលើកទី ៤ នៃ HLTF នឹងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៨-២០ ខែតុលា ឆ្នាំ ២០២២ ៕


