មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ អញ្ជើញជាអធិបតី ក្នុងពិធីស្វ័យទស្សនកិច្ចសិក្សាពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ អង្គភាពការិយាល័យទី២ ចំណុះកងពល

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការរងទិសទី២ យោធភូមិភាគទី៥ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីស្វ័យទស្សនកិច្ចសិក្សា នៅអង្គភាពការិយាល័យទី២ ចំណុះកងពល ស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
សមាសភាពចូលរួមនៅក្នុងកម្មវិធីមាន មេបញ្ជាការរងកងពល សេនាធិការរងកងពល នាយការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ នាយបច្ចេកទេស ឯកទេស និងវរសេនាតូចទាំង៤។
ក្នុងឱកាសនោះ វរសេនីយ៍ត្រី ប៉ែន សុខឿន នាយការិយាល័យទី២ បានគោរពរាយការណ៍អធិបតី អញ្ជើញទស្សនាប្លង់ចំនួន៩គោលដៅគឺ: គោលដៅទី១កងកិត្តិយស ទី២ ប្រជុំជួរទ័ព ទី៣ សួនបន្លែ ទី៤របៀបរបបប្រជុំ ទី៥អគារស្នាក់នៅ ទី៦ផ្ទះបាយ ទី៧បន្ទប់ស្នាក់នៅ ទី៨រោងចិញ្ចឹមមាន់ទា និងទី៩ស្រះចិញ្ចឹមត្រី។
បន្ទាប់ពី បានទស្សនាគ្រប់បណ្តាគោលដៅរួចហើយ កម្មវិធីបានប្រជុំ វាយតម្លៃដាក់ពិន្ទុ ដោយមានអង្គភាព៤ ចូលរួមវាយតម្លៃ: អង្គភាពកងអនុសេនាធំស៊ើបការណ៍ ការិយាល័យទី៥ ការិយាល័យអភិវឌ្ឍន៍ កងអនុសេនាធំគាំទ្រ វរសេនាតូច៥៣៣។
លោកមេបញ្ជាការកងពលក៏បានមានប្រសាសន៍ណែនាំថា ការធ្វើកម្មវិធីស្វ័យទស្សនកិច្ចសិក្សា គឺដើម្បីឲ្យអង្គភាពដកពិសោធន៍ល្អៗពីគ្នាទៅវញទៅមក និងដើម្បីឲ្យអង្គភាពមានការរីកចម្រើន ហើយលទ្ធផលឃើញថា គ្រប់បណ្តាអង្គភាពធ្វើបានល្អ និងរីកចម្រើនគួរកត់សម្គាល់។
លោកបន្តថា ស្វ័យទស្សនកិច្ចសិក្សានេះ ផ្តោតសំខាន់ទៅលើ៤ខ្លឹមសារគឺ: ការងារដឹកនាំបញ្ជា និងរបៀបរបបធ្វើការងារ ការងារត្រៀមប្រយុទ្ធ ការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ និងការងារធានាចិញ្ចឹមទ័ព។
លោកមេបញ្ជាការ បានបញ្ជាក់ថា កងពលបានធ្វើស្វ័យទស្សនកិច្ចសិក្សាបានចំនួន៤ អង្គភាពមកហើយ ដូចជា: អង្គភាពកងអនុសេនាធំការពារអាកាស កងអនុសេនាធំស៊ើបការណ៍ កងអនុសេនាធំដឹកជញ្ជូន និងការិយាល័យទី២។ ការធ្វើស្វ័យទស្សនកិច្ចសិក្សានេះ នឹងត្រូវធ្វើជាបន្តបន្ទាប់ រហូតដល់អង្គភាពកងអនុសេនាធំចំណុះវរសេនាតូច។
ចំពោះលទ្ធផលការដាក់ពិន្ទុពី៤អង្គភាពសរុប៣៤០.៥០ ស្មើ៨៣.១៣%៕

