ជនមិនស្គាល់មុខចូលក្នុងធនាគារ CIMB Bank នៅខណ្ឌទួលគោក ផ្ទុះអាវុធបណ្ដាលឲ្យសន្តិសុខយាមម្នាក់រងរបួស
ភ្នំពេញ៖ ជនមិនស្គាល់មុខចូលក្នុងធនាគារ CIMB Bank នៅខណ្ឌទួលគោក បានផ្ទុះអាវុធបណ្ដាលឲ្យសន្តិសុខយាមក្នុងធនាគារម្នាក់រងរបួស ដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍ផ្ទុះអាវុធខាងលើនេះបានកើតឡើងនៅក្នុងធនាគារ CIMB Bank ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
ប្រភពព័ត៌មានសន្តិសុខនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ ដែលស្លៀកពាក់ជាអង្គរក្សបានពាក់មួកសុវត្ថិភាពចូលទៅក្នុងធនាគារ ពេលនោះសន្តិសុខបានហាមឃាត់បុរសខាងលើមិនអនុញ្ញាតឲ្យពាក់មួកសុវត្ថិភាពចូលទៅខាងក្នុងធនាគារឡើយ។
ដោយឲ្យបុរសដែលជាជនសង្ស័យខាងលើដោះមួកចេញយកមកទុកនៅខាងក្រៅ ភ្លាមៗនោះ ស្រាប់តែជនសង្ស័យបានដើរចូលទៅខាងក្នុងរួចបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់សំដៅមកលើសន្តិសុខយាមនៅខាងក្នុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីបង្កហេតុជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល៕