សាហាវ! បុរសម្នាក់ចូលសុំបាយទឹកគេហូបហើយ វាយសម្លាប់ម្ចាស់ផ្ទះទៀត
ភ្នំពេញ៖ បុរសវ័យ៥០ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីជនម្នាក់អាយុ៣៤ឆ្នាំ បានយកដំបងឈើមូលវាយត្រូវចំក្បាល ក្រោយពីជនរងគ្រោះអាណិត និងបានឱ្យបាយទឹកហូប កាលពីវេលាម៉ោង ៨យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិត្រពាំព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ករណីនេះ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យជាមនុស្សបែកថ្នាំ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃាង តាត់ ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ រីឯជនសង្ស័យមានឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្រោល ឃុំគោគចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមការឱ្យដឹងពី លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យបានទៅសុំបាយទឹកជនរងគ្រោះដើម្បីហូប ហើយជនរងគ្រោះក៏បានរៀបចំបាយទឹកឱ្យជនសង្ស័យហូប។ ខណៈពេលនោះកូនរបស់ជនរងគ្រោះបានឈឺ ហើយប្រពន្ធជនរងគ្រោះក៏បាននាំកូនទៅផ្ញើនៅផ្ទះម្តាយ និងត្រឡប់មកសម្រាកនៅផ្ទះមកវិញ ដោយទុកឱ្យជនសង្ស័យ និងជនរងគ្រោះនៅតែពីរនាក់ក្នុងផ្ទះ។ លុះដល់ពេលប្រពន្ធជនរងគ្រោះបានមកដល់ផ្ទះវិញ ស្រាប់តែឃើញប្តីរបស់ខ្លួនដួលសន្លប់នៅលើដី ឃើញដូចនេះប្រពន្ធក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែជាអកុសលជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១រំលងអធ្រាត ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។
លោកអធិការនគរបាលស្រុកទឹកឈូ បានឱ្យដឹងបន្ថែមថា ជនសង្ស័យបានប្រើដំបងឈើមូលវាយក្បាលរងគ្រោះ បណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យជាមនុស្សគ្មានប្រពន្ធកូន ហើយក៏មិនមែនជាប្រជាពលរដ្ឋដែលមានទីលំនៅក្នុងស្រុកទឹកឈូផងដែរ។ ម្យ៉ាងទៀតជនសង្ស័យគឺជាមនុស្សបែកថ្នាំ។
ក្រោយកើតហេតុ កម្លាំងអន្តរាគមន៍ស្រុកទឹកឈូ បានសហកាជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងព្រីង និងកងរាជអាវុធហត្ថស្រុកទឹកឈូ បានឃាត់ខ្លួនជនសង្ស័យបញ្ជួនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការបន្តតាមនីតិវិធី៕