ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ និងជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នាថ្ងៃទី៥ កញ្ញា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពន្យល់ថា យើងត្រូវប្រើពេលវេលាខ្លះដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិនបើយើងមានឱកាសអប់រំសិក្សារៀនសូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាលសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នាដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ។
ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ ៕