ឯកឧត្ដម ហ៊ុន ម៉ាណែត សម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន សម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស។
នៅក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីខួបអនុស្សារីយ៍ ១៣ ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈរបស់បញ្ជាការដ្ឋានអង្គរក្ស ដោយក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ និង ១៣ ឆ្នាំគិតចាប់ពីការដំឡើងជាបញ្ជាការដ្ឋានអង្គរក្ស អង្គភាពបានឆ្លងកាត់នូវឧបសគ្គ និងការលំបាកជាច្រើន ហើយរហូតមកដល់ពេលនេះអង្គភាពមានការបោះជំហានទៅមុខរឹងមាំលើគ្រប់វិស័យ ទាំងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ចំនួនទ័ព, សមត្ថភាពជំនាញ, មធ្យោបាយគ្រឿងបំពាក់ និងការកសាងជំរំជម្រក ក៏ដូចជាហេដ្ឋានរចនាសម្ព័ន្ធនានាបម្រើឱ្យការបំពេញភារកិច្ច និងការលើកកម្ពស់សមត្ថភាព ជីវភាព សុខុមាលភាព របស់យោធិន និងគ្រួសារយោធិន ជាដើម។
ឯកឧត្ដមបន្តថា ទាំងអស់នេះ ក៏បានបង្ហាញឱ្យឃើញផងដែរអំពីសាមគ្គីឯកភាពភាពផ្ទៃក្នុងល្អរបស់មេបញ្ជាការ មេបញ្ជាការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្ស ធានាបាននូវនិរន្តរភាពរបស់អង្គភាពក្នុងការសម្រេចភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន។
ឯកឧត្ដមឧត្តមសេនីយ៍ឯក បញ្ជាក់ថា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ មានកាតព្វកិច្ច៖ (i) ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង (ii) ត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន៕