ឯកឧត្តម សាយ សំអាល់ ទទួលជួបឯករដ្ឋទូតCOP26 ប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិច
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួបឯកឧត្តម Ken O’Flaherty ឯករដ្ឋទូតCOP26 ប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិច និងសហការីដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម Ken O’Flaherty បានវាយតម្លៃខ្ពស់លើការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅកម្ពុជា ជាពិសេសការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របស់កម្ពុជា ដូចជាការរៀបចំផែនការអភិវឌ្ឍន៍រយៈពេលវែងសម្រាប់អព្យាក្រិតកាបូន ការរៀបចំផែនការរួមចំណែកជាតិ (NDC) នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្ត NDC នៅកម្ពុជា ជាពិសេស ក្រសួងស្ថានប័នបានរៀបចំផែនការសកម្មភាព និងបញ្ជ្រាបថវិកាសម្រាប់អនុវត្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅរកកាវិនិយោគបៃតងលើហេដ្ឋារចនាសម្ព័ន្ធ រួចមានផ្លូវថ្នល់ ស្ពាន កសិកម្មដែលធន់នឹងអាកាសធាតុ និងលើកកំពស់ការវិនិយោគលើវិស័យ ថាបពលកកើតឡើងវិញ ដោយបានបញ្ចប់ការផលិតអគ្គិសនីពីធ្យូងថ្ម។
ទាក់ទងនឹងលទ្ធផលរំពឹងទុកសម្រាប់សន្និសិទបណ្តាភាគីអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៧ (COP27) ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាចង់ឃើញសេចក្តីសម្រេចច្បាស់លាស់លើឥណទានការបូន ហិរញ្ញប្បទានបៃតង និងការគៀគរធនធានរបស់ប្រទេសអភិវឌ្ឍន៍ជឿនលឿន។