រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះសិក្សាស្វែងយល់ ប្រមូលទិន្នន័យពីស្ថានភាព ជីវភាព សក្ដានុពល តម្រូវការ និងបញ្ហាប្រឈមនានា របស់សហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ
ភ្នំពេញ៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២បានបន្តដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រុមការងារស្ត្រី និងក្រុមទីប្រឹក្សាអមក្រសួង ចុះសិក្សាស្វែងយល់ និងប្រមូលទិន្នន័យពីស្ថានភាព ជីវភាព សក្ដានុពល តម្រូវការ និងបញ្ហាប្រឈមនានា របស់សហគមន៍តំបន់ការពារធម្មជាតិរាំងខ្វាវ ស្ថិតនៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការសហគមន៍។
បន្ទាប់ពីកិច្ចពិគ្រោះយោបល់ជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិមក ក្រុមការងារបានបន្តចុះពិនិត្យមើលទីតាំងដីសហគមន៍ដែលមានសក្តានុពល និងសមស្របសម្រាប់រៀបចំ«កសិដ្ឋានចំរុះ» ដាំដំណាំយុទ្ធសាស្ត្ររយៈពេលវែង-ខ្លីនិងប្រភេទដំណាំដែលសមស្របទៅនឹងលក្ខណៈជីវសាស្ត្រក្នុងមូលដ្ឋាន។