សម្ដេច ស ខេង អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារសិក្សាមួយខ្នង ស្ថិតក្នុងអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបញ្ចុះបឋមសីលាសាងសង់អគារសិក្សាមួយខ្នង ស្ថិតក្នុងអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ដែលពិធីនេះ ប្រារព្ធធ្វើឡើងស្ថិតក្នុងបរិវេណអនុវិទ្យាល័យ សោហឺ ក្រុងបាត់ដំបង ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងមន្រ្ដីរាជការមកពីមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងយុវជន ស.ស.យ.កផងដែរ ។
អគារសិក្សាថ្មីមួយខ្នងនេះ មានកម្ពស់៤ជាន់ ស្មើនឹង២០ ក្នុងនោះបន្ទប់ទីចាត់ការចំនួន០២បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ដោយសារអគារចាស់មានសភាពចាស់ទ្រុឌទ្រោមផង និងតបតាមស្ថានភាពនៃកំណើនសិស្សកាន់តែច្រើន ដែលតម្រូវឱ្យមានការសាងសង់អគារមួយថ្មីដើម្បីបំពេញតម្រូវការជូនផងដែរ៕

