ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធមួយដ៏ល្អប្រសើរ ដែលមានគោលការណ៍គ្រឹះ ការពារប្រជាពលរដ្ឋពេញ ១វដ្ដជីវិត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធគាំពារមួយ ដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលនេះជាគោលនយោបាយដ៏ល្អឥតខ្ចោះ ក្នុងការការពារបងប្អូនប្រជាពលរដ្ឋចាប់ពីពេលដែលចាប់កំណើតរហូតដល់ស្លាប់។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា វដ្ដនៃជីវិត គឺគ្មាននរណាម្នាក់អាចគេចផុតឡើយ ហើយការកើត ចាស់ ឈឺ ស្លាប់ នេះ ប.ស.ស. បានចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួនអនុវត្តចាប់តាំងពីពេលដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាល ការព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។
ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅតែបន្តការគាំពារ ដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបាននឹងកំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ។
បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់នេះតែម្ដង។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្ដថា ប្រព័ន្ធសន្ដិសុខសង្គម អាចបោះជំហានទៅមុខ និងអាចតាមការពារបងប្អូនបាន គឺត្រូវមានការចូលរួមយ៉ាងចាំបាច់របស់បងប្អូនកម្មករនិយោជិត និងម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលនេះជាការចូលរួមចែករំលែក និងស្មារតីសាមគ្គីធម៌សង្គម។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា៖ ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តតាកែវ ឯកឧត្តម បានថ្លែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយថ្មីមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ ការពារបងប្អូនពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល នៅពេលដែលមានជំងឺ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗ ជាពិសេស គឺការពារនៅពេលដែលពលរដ្ឋមានវ័យចំណាស់។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរង បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ។
សូមបញ្ជាក់ថា៖ ភូមិសាស្រ្ដខេត្តតាកែវ គឺជាខេត្តទី៧ ហើយបន្ទាប់ពីខេត្តព្រៃវែង ដែល ប.ស.ស. បានចុះបើកយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕

