អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យវត្ថុតាំង ដែលកម្លាំងនគរបាលខេត្ត បង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ
ព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានធ្វើប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ។
ក្នុងឱកាសនេះដែរ ឯកឧត្ដម គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។
អភិបាលខេត្តក៏បានបន្តទៀតថា ក្នុងក្របខណ្ឌគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើសតែងតែមានអាវុធ ដូច្នេះយើងត្រូវតែចេះការពារខ្លួនឱ្យបានល្អ។ ដោយសារតែកន្លងមកមានសកម្មភាពមិនប្រក្រតីភាពមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា៖
ទី១.បញ្ហាគ្រឿងញៀន
ទី២.ការបង្ខាំងមនុស្សខុសច្បាប់
ទី៣.បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយចំនួន។
បញ្ហាទាំងនេះដែលយើងត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ៕