ចិន នៅតែរក្សាជំហរ បន្តគាំទ្រដល់នយោបាយផ្ទៃក្នុង និងនយោបាយការបរទេស របស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអះអាងប្រាប់សម្ដេដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា រដ្ឋាភិបាលចិន នៅតែរក្សាជំហរ ចំពោះប្រទេសកម្ពុជាជាពិសេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចិននឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ក៏ដូចជានយោបាយការបរទេស ដែលនឹងឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋកម្ពុជា ។
នាថ្ងៃទី៣ សីហា សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនោះឯកឧត្តម វ៉ាង យី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឲ្យឯកឧត្តមបានទទួលជួបពិភាក្សាការងារនៅពេលនេះ។ ឯកឧត្តម ក៏បាននាំនូវការជូនពរ និងសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង និងថ្នាក់ដឹកនាំចិនផ្សេងទៀតផងដែរ ហើយឯកឧត្តមក៏បានជូនពរខួបកំណើតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខាងមុខ ។
នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីអ្វីដែលសំខាន់ គឺសម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេច ក្នុងការកសាងប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍ ក៏ដូចជាការស្ដារជីវិតក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាការលើកកម្ពស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្នុងជំនួបនេះឯកឧត្តម នៅតែបញ្ជាក់ពីជំហររបស់ប្រទេសចិនក៏ដូចជារដ្ឋាភិបាលចិន ចំពោះប្រទេសកម្ពុជាជាពិសេស ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយចិននឹងបន្តគាំទ្រដល់នយោបាយផ្ទៃក្នុងប្រទេសកម្ពុជា ក៏ដូចជានយោបាយការបរទេសផងដែរ ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស គឺអបអរសាទរចំពោះការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកនេះ ដែលឆ្លុះបញ្ចាំងពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ។ ចិន គាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែង ជាពិសេស ការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាគណបក្សប្រជាជន និងប្រទេសកម្ពុជា ក្នុងការការពារអធិបតេយ្យភាព ក៏ដូចជាភាពឯករាជ្យរបស់ប្រទេសកម្ពុជាផងដែរ។ ទី៣ ចិននឹងបន្តគាំទ្រយ៉ាងរឹងមាំនៅថ្ងៃអនាគត ចំពោះការដឹកនាំជាពិសេសការបន្តវេននៃការដឹកនាំ ក៏ដូចជាកូនសោដ៏សំខាន់សំរាប់ការថែទាំសន្តិភាពរបស់កម្ពុជាផង ក៏ដូចជាសម្រាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិនផងដែរជាពិសេសទៀត ដោយសារប្រទេសទាំងពីរមានការកសាងសហគមន៍ និងជោគវាសនានៅថ្ងៃអនាគតជាមួយគ្នា ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ យើងមានទំនាក់ទំនងជិតស្និទ្ធក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ហើយជាពិសេសទៀត ទោះបីនៅក្នុងស្ថានភាពដែលមានលក្ខណៈមិនប្រាកដប្រជា ហើយការវិវត្តសភាពការណ៍ក្នុងតំបន់ និងពិភពលោក មានលក្ខណៈមិនច្បាស់លាស់នេះ ហើយជាពិសេសដោយសារកម្ពុជា និងចិន មានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ៕