ចិន នឹងព្យាយាមធ្វើអ្វីៗ ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស
ភ្នំពេញ៖ ឯកឧត្តម វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ចិននឹងព្យាយាមធ្វើអ្វីៗ ដើម្បីជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ។
នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី ក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូល រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ក្នុងជំនួបនោះពាក់ព័ន្ធនឹងការខិតខំព្យាយាម ប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀត ឯកឧត្តម វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។
ឯកឧត្តមក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេសទៀត គឺឯកឧត្តមបានគូសបញ្ជាក់ថា ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេសនេះ។
ពាក់ព័ន្ធនឹងវិស័យវិនិយោគ ឯកឧត្តម បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងវ៉ាក់សាំង ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលណាកម្ពុជាមានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។ ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយឯកឧត្ដមបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។
ពាក់ព័ន្ធនឹងជើងហោះហើរ ឯកឧត្តមបានមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។ជារួម កិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ ៕