ឥទ្ធិពលនៃគុណតម្លៃវប្បធម៌ចិនទៅលើគោលនយោបាយការបរទេសបែបសន្តិភាពនិយមរបស់ប្រទេសចិន
ការយល់ដឹងត្រឹមត្រូវនិងស៊ីជម្រៅអំពីឥរិយាបថរបស់ប្រជាជាតិមួយ ឬប្រទេសមួយ ទាមទារនូវការយល់ដឹងស៊ីជម្រៅអំពីគុណតម្លៃវប្បធម៌និងប្រពៃណីដែលមានឥទ្ធិពលទៅលើផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជាតិនោះឬប្រទេសនោះ បើមិនដូច្នោះទេ វិនិច្ឆ័យរបស់យើងអាចនឹងមានកំហុសធ្ងន់ធ្ងរ។ ដូចគ្នានេះដែរ ដើម្បីស្វែងយល់ឲ្យបានត្រឹមត្រូវនិងស៊ីជម្រៅអំពីឥរិយាបថរបស់ចិននៅក្នុងទំនាក់ទំនងអន្តរជាតិ យើងចាំបាច់ត្រូវស្វែងយល់អំពីគុណតម្លៃ វប្បធម៌ជាប្រពៃណីរបស់ជនជាតិចិន។
ប្រទេសចិន មានប្រពៃណីវប្បធម៌ដ៏ចំណាស់ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយវប្បធម៌ប្រពៃណីដ៏ចំណាស់នេះ មានឥទ្ធិពលយ៉ាងធំធេងទៅលើផ្នត់គំនិតនិងឥរិយាបថរបស់ប្រជាជនចិនទាំងមូល ដោយបូករួមទាំងថ្នាក់ដឹកនាំចិន ផងដែរ។ ដោយទទួលរងឥទ្ធិពលពីគុណតម្លៃវប្បធម៌ប្រពៃណីដែលមិនផ្ដោតលើសម្ភារៈនិយម ប្រជាជននិងថ្នាក់ដឹកនាំចិន ផ្ដល់តម្លៃខ្ពស់ទៅលើ សុខដុម គុណធម៌ ភាពត្រឹមត្រូវ ភាពស្លូតបូតរម្យទម ភាពស្មោះត្រង់ និងភក្ដីភាព ហើយគុណតម្លៃទាំងនេះ បានដើរតួជាមគ្គុទេសក៍តម្រង់ទិសគោលនយោបាយនានា ជាពិសេសគោលនយោបាយការបរទេសរបស់ប្រទេសចិន ជារៀងរហូតមក។
នៅក្នុងចំណោមគុណតម្លៃចម្បងៗទាំងនេះ សុខដុម អាចត្រូវគេចាត់ទុកថាជាគុណតម្លៃដែលមានឥទ្ធិពលខ្លាំងជាងគេបំផុតទៅលើគោលនយោបាយការបរទេសរបស់ចិន។ ចំពោះ ជនជាតិចិន សុខដុម គឺជាការធ្វើឯកភាពវូបនីយកម្មនៃភាពខុសប្លែកគ្នា ជាការបង្កលទ្ធភាពឲ្យភាពខុសប្លែកគ្នាអាចរួមរស់នៅជាមួយគ្នាបានប្រកបដោយសន្តិភាព។ និយាយម្យ៉ាងទៀត សុខដុម សំដៅទៅលើការរួមរស់ជាមួយគ្នានិងរីកចម្រើនរុងរឿងជាមួយគ្នា បើទោះបីជាប្រជាជាតិឬប្រទេសទាំងអស់ មានវប្បធម៌ប្រពៃណីខុសប្លែកគ្នាក៏ដោយ។ នៅក្នុងទំនាក់ទំនងអន្តរជាតិ អ្វីដែលរដ្ឋាភិបាលចិនប្រាថ្នាចង់បានខ្លាំងបំផុត គឺពិភពលោកមួយដែលមានសុខដុម សន្តិភាពស្ថិតស្ថេរនិងវិបុលភាពរួម រដ្ឋាភិបាលចិនមិនប្រាថា្នចង់បានពិភពលោកមួយដែលមានភាពដូចគ្នាទាំងស្រុងដូចដែលប្រទេសបស្ចិមលោកប្រាថ្នាចង់បាន នោះឡើយ។ និយាយម្យ៉ាងទៀត រដ្ឋាភិបាលចិនទទួលស្គាល់និងផ្ដល់តម្លៃទៅលើភាពខុសប្លែកគ្នា និងយល់ឃើញថាប្រទេសដែលមានអរិយធម៌ខុសប្លែកគ្នា អាចរួមរស់នៅក្នុងសហគមន៍សកលលោកនេះជាមួយគ្នាដោយសន្តិភាព ។ ដោយផ្អែកលើគុណតម្លៃនេះ ប្រទេសចិនតែងតែគាំទ្រនិងលើកកម្ពស់យន្តការពហុភាគីនិយមនៅក្នុងទំនាក់ទំនងអន្តរជាតិ ព្រមទាំងប្រឆាំងគោលនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដ៏ទៃនិងបង្ខិតបង្ខំប្រទេសដទៃឲ្យធ្វើដូចខ្លួន។ គោលនយោបាយសន្តិសហវិជ្ជមាននិងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដែលប្រទេសចិនតែងតែប្រកាន់ខ្ជាប់និងអនុវត្តជារៀងរហូតមក គឺជាអត្តសញ្ញាណដ៏លេចធ្លោមួយរបស់ប្រទេសចិន ដែលត្រូវគេស្គាល់យ៉ាងច្បាស់នៅទូទាំងពិភពលោក។
ក្រៅពីសុខដុម ប្រជាជនចិននិងថ្នាក់ដឹកនាំចិន ផ្ដល់តម្លៃខ្ពស់ចំពោះ គុណធម៌ យុត្តិធម៌ ភាពស្លូតបូតរម្យទម និងភាពត្រឹមត្រូវ ហើយគុណតម្លៃទាំងនេះ ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់ប្រទេសចិនផងដែរ។ នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសចិន ជំរុញគាំទ្រយ៉ាងសកម្មឲ្យមានការជួយគ្នាទៅវិញទៅមកដោយមិនទាមទារការតបស្នងចំពោះការផ្ដល់ជំនួយ ឲ្យមានការគោរពគ្នាទៅវិញទៅមកនិងកិច្ចពិគ្រោះពិភាក្សាជាមួយគ្នាទៅវិញទៅមកដោយស្មើភាពនៅក្នុងចំណោមប្រទេសទាំងអស់ ដើម្បីលើកកម្ពស់ប្រជាធិបតេយ្យនៅក្នុងទំនាក់ទំនងអន្តរជាតិ ។ ប្រទេសចិន យល់ឃើញថា ប្រទេសធំនិងប្រទេសតូចមានសិទ្ធិស្មើគ្នា គួរគោរពគ្នាទៅវិញទៅមក ហើយប្រទេសមហាអំណាច ចាំបាច់ត្រូវស្វែងរកសេចក្ដីគោរពស្រឡាញ់ទុកចិត្តពីប្រទេសទន់ខ្សោយ តាមរយៈការធ្វើជាគំរូល្អសម្រាប់ប្រទេសទន់ខ្សោយ ដោយគោរពច្បាប់ទម្លាប់និងបទដ្ឋានអន្តរជាតិនានា មិនបង្កបញ្ហាដល់ប្រទេសទន់ខ្សោយ និងមិនគួរប៉ុនប៉ងធ្វើជាចៅហ្វាយនាយដែលបង្គាប់បញ្ជាប្រទេសទន់ខ្សោយឲ្យធ្វើតាមមហិច្ឆតារបស់ខ្លួន។ ប្រទេសចិន បានប្រកាន់យ៉ាងខ្ជាប់ខ្ចួននូវគោលការណ៍ការទូតដែលប្រឆាំងនឹងអនុត្តរភាព ព្រមទាំងអនុវត្តគោលនយោបាយការបរទេសបែបមិត្តភាពជាមួយប្រទេសនានានៅទូទាំងពិភពលោក និងជាពិសេសជាមួយប្រទេសជិតខាងទាំងអស់ ។ ប្រទេសចិនប្រកាន់យកគោលការណ៍មិនរំលោភបំពានអ្នកដទៃ ដោះស្រាយជម្លោះនានាដោយសន្តិវិធី ដោយផ្តោតជាចម្បងលើផលប្រយោជន៍រួម កិច្ចសហប្រតិបត្តិការ និងឯកភាពសកលលោក។ ជារៀងដរាបមក ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលជំហរមិនជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដោយប្រទេសចិនយល់ឃើញថា ការជ្រៀតជ្រែកនិងពង្រីកបញ្ហាតាមរយៈការគាំទ្រក្រុមមួយឲ្យវាយប្រហារក្រុមមួយទៀត នៅពេលប្រទេសមួយកំពុងជួបប្រទះបញ្ហាផ្ទៃក្នុងផ្ទាល់ខ្លួន គឺជារឿងអសីលធម៌បំផុត។
និយាយជារួម គោលនយោបាយការបរទេសរបស់ប្រទេសចិន គឺជាគោលនយោបាយការបរទេសបែបសន្តិភាពនិយមដែលផ្អែកលើគុណធម៌ យុត្តិធម៌ និងសីលធម៌ ដែលមានប្រភពមកពីគុណតម្លៃវប្បធម៌ដ៏ល្អរបស់ជនជាតិចិន ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ