ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងអង្គការ WHO ពិនិត្យសេចក្តីព្រាងកម្មវិធី ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ នាខែសីហាខាងមុខ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈអគ្គលេខាធិការដ្ឋានរបស់ខ្លួន បាននិងកំពុងពន្លឿនការងារត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ដែលគ្រោងនឹងប្រព្រឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងក្របខណ្ឌនៃការត្រៀមរៀបចំនេះ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រួមជាមួយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ព្រមទាំងសហការី បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត ហ្សឺនឺវី ហស (Dr. Genevieve Howse) អ្នកសម្របសម្រួលផ្នែកច្បាប់ និងអភិបាលកិច្ច នៃអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងកម្មវិធីផ្លូវការ ក្នុងគោលដៅធានាឱ្យដំណើរការនៃវេទិកាអន្តរជាតិនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យកម្រិតខ្ពស់។
យោងតាមផែនការការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ តំណាងអង្គការ WHO នឹងអញ្ជើញចុះទៅពិនិត្យទីតាំងផ្ទាល់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល (Sonya Kill Memorial Hospital) ដែលស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត។ ការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃ និងរៀបចំផែនការទទួលគណៈប្រតិភូសមាជិកសភាអន្តរជាតិ ដែលនឹងអញ្ជើញចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ ពីប្រព័ន្ធ និងវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាលរបស់កម្ពុជា ក្នុងអំឡុងពេលប្រជុំផងដែរ។
សូមជម្រាបថា កិច្ចប្រជុំត្រៀមរៀបចំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងថ្នាក់ដឹកនំារបស់អង្គកាសុខភាពពិភពលោក WHO ជាច្រើនរូបទៀត ដើម្បីផ្លាស់ប្តូរព័ត៌មាន និងមតិយោបល់ រួមគ្នាធានាឱ្យបាននូវសណ្តាប់ធ្នាប់ ពិធីការ និងខ្លឹមសារបច្ចេកទេស ក្នុងគោលដៅរុញច្រានឱ្យវេទិកាកម្រិតតំបន់មួយនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ដូចការគ្រោងទុក៕

