ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងស្មារតី និងមនសិកាស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ យោងតាមរយៈសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងស្មារតី និងមនសិកាស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា បច្ចុប្បន្នពិភពលោកពុំទាន់មានសញ្ញាណាមួយ ដែលអាចបង្ហាញពីភាពធូរស្រាលនៃស្ថានការណ៍រួម ដើម្បីឈានទៅរកស្ថិរភាព និងសណ្តាប់ធ្នាប់ជាសកលនៅឡើយ។
ឯកឧត្តមបន្ដថា ប៉ុន្តែទោះបីស្ថិតក្នុងបរិបទនេះក៏មាតុភូមិរបស់យើងនៅតែបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសការធានានូវប្រក្រតីភាពកិច្ចដំណើរការស្ថាប័នជាតិ និងសកម្មភាពជីវភាពសង្គម ហើយគ្រប់គោលដៅនយោបាយការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស បេសកកម្មរបស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ត្រូវបានរៀបចំប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ដែលបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ ឱ្យខ្ពស់ត្រដែតឡើងលើផ្ទៃរាបអន្តរជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត បន្ថែមថា កត្តាវិជ្ជមានទាំងអស់នេះបានកើតឡើង ដោយសារការធ្វើពលិកម្ម មិនអាចខ្វះបានរបស់កងកម្លាំងនគរបាលជាតិ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពអង់អាចក្លាហាន មោះមុត ប្រកបដោយថាមពល និងភាពឈ្លាសវៃ ក្នុងការបង្កើតបរិយាកាសសង្គមពោរពេញដោយភាពកក់ក្តៅ និង ជំនឿចិត្ត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ រួមចំណែកដល់ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងស្មារតី និងមនសិកាស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់កងកម្លាំងនគរបាល ជាតិទូទាំងប្រទេស ដែលបានចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ បទដ្ឋានគតិយុត្ត គោលការណ៍ បទបញ្ជា និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ»៕

