ទូលព្រះបង្គំ មាន ចាន់យ៉ាដា ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា

ភ្នំពេញ៖ ទូលព្រះបង្គំ មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីអំណរសាទរឥតឧបមា ចូលរួមថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យបវរសួស្តីសិរី មង្គលវិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រពៃថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទថ្វាយនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ បំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនូវព្រះរាជតម្រិះឈ្វេងយល់ដ៏ឈ្លាសវៃក្នុងការ បំពេញព្រះរាជសកម្មភាពដ៏ឧត្ដុង្គឧត្តមថ្លៃថ្នាំប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះគុណធម៌ ជាពិសេសព្រះអង្គតែង់មាន ទឹកព្រះទ័យជ្រះថ្លាទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជួយក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច វប្បធម៌ អប់រំ សាសនា សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ ហើយកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ក្នុងតំបន់ និងលើសកលលោក។
ជាថ្មីម្ដងទៀត ទូលព្រះបង្គំជាខ្ញុំសូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ វត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខន្ធព្រះប់រមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម កក្យសាទេវី សូមតាមទ្រទ្រង់គាំពារថ្វាយព្រះពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់សមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ៕

