គ្រួសារសពអតីតយុទ្ធជន ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកជលគិរី ១គ្រួសារ បានទទួលថវិកាបេឡាមរណៈសង្គ្រោះ
ភ្នំពេញ៖ លោក វរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង តំណាង ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបី ចុះប្រគល់ថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល និងលិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជន ១គ្រួសារ នៅក្នុងឃុំកំពង់អុស ស្រុកជលគិរី ។
ស្ថិតក្នុងឱកាសនេះដែរ លោកមេបញ្ជាការរង បានពាំនាំប្រសាសន៍សួរសុខទុក្ខចូលរួមរំលែកមរណៈទុក្ខ របស់ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ជាមួយក្រុមគ្រួសារសពអតីតយុទ្ធជន និងបានណែនាំដល់ពួកគាត់ ត្រូវថែរក្សាសុខភាព និងបន្តអនុវត្តវិធានការ ៣ការពារ៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ជាពិសេសត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នានៅពេលដែលដល់ពេលកំណត់ ដោយសារពេលនេះមានការឆ្លងឡើងវិញជាបន្តបន្ទាប់នូវជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ។
ជាចុងបញ្ចប់ ក្រុមគ្រួសារសពអតីតយុទ្ធជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ប្រធានសមាគមខេត្ត ព្រមទាំងក្រុមការងារថ្នាក់ខេត្ត អាជ្ញាធរមូលដ្ឋាន និងសូមគោរពជូនពរ សម្តេច ឯកឧត្តម និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕