ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យលើគំរូព្រាង នៃការរៀបចំរំហូរការងាររដ្ឋបាលតាមប្រព័ន្ធឌីជីថល សម្រាប់ផ្ទៃក្នុង ប.ស.ស.

ភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ដើម្បីពិនិត្យលើគំរូព្រាង នៃការរៀបចំរំហូរការងាររដ្ឋបាលឌីជីថល សម្រាប់ប្រើប្រាស់ផ្ទៃក្នុង ប.ស.ស.។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្តល់អនុសាសន៍ឱ្យនាយកដ្ឋានជំនាញត្រូវពិនិត្យឱ្យបានហ្មត់ចត់លើការអនុវត្តការងារប្រចាំថ្ងៃរបស់អង្គភាពនីមួយៗ ដើម្បីអាចឈានទៅការបង្កើតរំហូរការងារឌីជីថលពេញលេញ ស្របតាមស្ថានភាពប្រើប្រាស់ជាក់ស្តែង ដែលនេះជាគោលដៅមួយក្នុងការពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបង្កើនសមត្ថភាពគ្រប់គ្រងធនធានមនុស្សឱ្យមានភាពច្បាស់លាស់។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រព័ន្ធរដ្ឋបាលផ្ទៃក្នុង គឺជាជំហានសំខាន់ក្នុងការបង្កើនភាពរហ័សរហួន កាត់បន្ថយការប្រើប្រាស់ឯកសារក្រដាស និងបង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនងការងារផ្ទៃក្នុង។ ទន្ទឹមនឹងនេះ ការបង្កើនសមត្ថភាពបណ្តុះបណ្តាលជាតម្រូវការចាំបាច់ ដើម្បីធានាថាមន្ត្រី និងបុគ្គលិកអាចប្រើប្រាស់ប្រព័ន្ធឌីជីថលបានយ៉ាងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋាន និងការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស សរុបប្រមាណជា ២០នាក់៕

