គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមយ៉ាងសកម្មក្នុងមហាសន្និបាត IPU លើកទី១៥២ នៅទីក្រុងអ៊ីស្តង់ប៊ុល

ទីក្រុងអ៊ីស្តង់ប៊ុល, តួកគីយ៉េ៖ ក្នុងក្របខ័ណ្ឌនៃបេសកកម្មក្រៅប្រទេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានបន្តចូលរួមយ៉ាងសកម្មក្នុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត ដើម្បីផ្លាស់ប្តូរទស្សនៈ និងលើកកម្ពស់តួនាទីសភាក្នុងវេទិកាអន្តរជាតិ។
ក្នុងថ្ងៃដដែលនោះដែរ លោកជំទាវ ខេង សំវ៉ាដា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗចំនួនពីរផ្សេងទៀត រួមមាន៖
១. កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចការអង្គការសហប្រជាជាតិ (Standing Committee on UN Affairs) ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពអន្តរសភា និងអង្គការសហប្រជាជាតិ។
២. កិច្ចប្រជុំក្រុមសភានិយាយភាសាបារាំង (APF) ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
ការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជានាឱកាសនេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកលលោក តាមរយៈយន្តការការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

